ស្រុកស្វាយជ្រំ រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ឆ្នាំ២០២៦-២០២៨
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ឆ្នាំ២០២៦-២០២៨។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកស្វាយជ្រំ ដោយមានការអញ្ជើញចូលរួម លោកហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ តំណាងមន្ទីរនានាជុំវិញខេត្ត និងលោកមេឃុំ ស្មៀនឃុំទូទាំងស្រុកស្វាយជ្រំផងដែរ។
ក្នុងឱកាសនោះ លោក ញ៉ែម សារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា គោលបំណងនៃសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ នៅថ្នាក់ស្រុក នាថ្ងៃនេះ គឺដើម្បីធានាឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ មានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់មន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ។
លោកអភិបាលរងខេត្តបានបន្តថា ភាពស៊ីចង្វាក់គ្នានេះកើតឡើងតាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានាជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់សក្តានុពលនៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ គឺជារឿងសំខាន់ ដើម្បីសម្រេចទិសដៅរួម ជាជាងការធ្វើសកម្មភាពតែឯកឯង។
លោក ញ៉ែម សារី ក៏បានបន្ថែមថា ក្រុមប្រឹក្សាឃុំ ត្រូវមានតួនាទីក្នុងការលើកសំណួរចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រហើយមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងកាលពីឆ្នាំកន្លងមក ដើម្បីជំរុញការងារអភិវឌ្ឍន៍ឱ្យបានលឿននិងទាន់ពេលវេលា។
សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងរៀបចំផែនការវិនិយោគរួមគ្នា ដើម្បីធានាឱ្យការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយចីរភាព៕
No comments:
Post a Comment